បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI & IDC និងជាអនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ ។
នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និងជាអនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាបានដឹកនាំគណៈប្រតិភូ ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ ដឹកនាំដោយលោកបណ្ឌិត ចាន់ សំអាន នៅបន្ទប់ប្រជុំ នៃសណ្ឋាគារឆ្នេរថ្មី នៅខេត្តព្រះសីហនុ។
នាកិច្ចប្រជុំនោះ លោកបណ្ឌិត ចាន់ សំអាន តំណាងសមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ ដែលជាសាខាចំណុះ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដឹកនាំដោយ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងរាយការណ៍ពីបច្ចុប្បន្នភាពការងារ រចនាសម្ព័ន្ធដឹកនាំ និងសកម្មភាពការងាររបស់សមាគមនាពេលកន្លងមក។ នាឱកាសនោះ លោកបណ្ឌិតក៏បានលើកពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន សំដៅស្វែងរកដំណោះស្រាយជូនសមាជិក-សមាជិកាទាំងអស់។
នាឱកាសនោះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានធ្វើការកោតសរសើរចំពោះសមទ្ធផលសម្រេចបានរបស់សមាគមនៅខេត្តព្រះសីហនុ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ដែលយកចិត្តទុកដាក់ចំពោះសុខទុក្ខសមាជិក។ លោកបណ្ឌិតប្រធានគណៈប្រតិភូក៏បានឆ្លើយតបនឹងបញ្ហាប្រឈម និងតម្រូវការរបស់សមាគម ដោយបានចែករំលែកនូវព័ត៌មានសំខាន់ៗដែលជាកត្តាដែលអាចនាំឲ្យសមាជិកបង្កើនឱកាសរកចំណូល តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាល និងវិស័យឯកជនជាច្រើន ដូចជា ផែនការមេដើម្បីអភិវឌ្ឍនខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងគម្រោងរបស់ក្រុមហ៊ុនឯកជនមួយចំនួនទៀតដែលសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន ID Capital PLC មានលោកបណ្ឌិតជាប្រធានក្រុមប្រឹក្សាភិបាលកំពុងសិក្សាផ្ទាល់។ បន្ថែមលើនោះទៀត លោកបណ្ឌិតក៏បានចែករំលែកពីគោលដៅរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលលោកជាសមាជិកក្រុមប្រឹក្សាបរធនបាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាមូលនិធិបង្កើតដោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំដៅបណ្តុះបណ្តាលសមត្ថភាពរបស់សហគ្រិន និយោជក ភ្នាក់ងារ និងប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរ ដើម្បីតាមឲ្យទាន់នូវសម័យកាល ឧស្សាហកម្មឌីជីថល 4.0 ។
តំណាងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធ លោកបណ្ឌិត ចាន់ សំអាន បានថ្លែងអំណរគុណដល់លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ និងគណៈប្រតិភូ ដែលបានចែករំលែកចំណេះដឹង ព័ត៌មាន និងបណ្តាញដ៏មានតម្លៃ អាចជួយជាដំណោះស្រាយដល់សមាជិក-សមាជិកាដែលកំពុងជួបប្រទះ ហើយបានស្វាគមន៍វត្តមានលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ នាពេលខាងមុខ ដើម្បីបានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាផ្សេងៗទៀត។